កិច្ចព្រមព្រៀងស្ដីពីសុវត្ថិភាពអគារ និងសុវត្ថិភាពអគ្គីភ័យនៅប្រទេសបង់ក្លាដែស
ប្រទេសបង់ក្លាដែស គឺជាប្រទេសនាំចេញធំជាងគេបំផុតលំដាប់ទី ៤ សម្រាប់ផលិតផលវាយនភណ្ឌទៅកាន់សហរដ្ឋអាមេរិក។ វិស័យកាត់ដេររបស់ប្រទេសនេះ ទទួលបន្ទុក ៨០ ភាគរយនៃការនាំចេញរបស់ប្រទេស និងផ្ដល់ការងារដល់កម្មករនិយោជិតជាង ៣,៥ លាននាក់។ កម្មករនិយោជិតទាំងអស់នេះជួបប្រទះលក្ខខណ្ឌដ៏អាក្រក់បំផុតមួយចំនួននៅក្នុងឧស្សាហកម្ម រួមទាំងប្រាក់ឈ្នួលធ្វើឱ្យមានភាពក្រីក្រ ការបៀតបៀនតាមពាក្យសម្តី និងរាងកាយ ការសងសឹកសម្រាប់ការតស៊ូមតិឱ្យមានលក្ខខណ្ឌប្រសើរជាងមុន និងអគាររោងចក្រអសុវត្ថិភាពខ្លាំង។
ចាប់ពីឆ្នាំ ២០០៥ មក លក្ខខណ្ឌអសុវត្ថិភាពទាំងនេះ បានបង្កសោកនាដកម្មធ្វើឱ្យស្លាប់កម្មករនិយោជិតបង់ក្លាដែសជិត ២.០០០ នាក់ក្នុងគ្រោះមហន្តរាយដោយអគ្គីភ័យ និងបញ្ហាសុវត្ថិភាពអគារ ដែលមហន្តរាយទាំងនេះ គឺសុទ្ធតែអាចបង្ការកុំឱ្យកើតមានបាន។ ក្នុងខែ មេសា ឆ្នាំ ២០១៣ បើរាប់តែកម្មករនិយោជិតគឺមាន ១.១៣៤ នាក់បានស្លាប់ ពេលអគារ Rana Plaza ដួលរលំដែលបណ្ដាលឱ្យព្រឹត្តិការណ៍នេះ ក្លាយជាមហន្តរាយដ៏អាក្រក់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ឧស្សាហកម្ម។ បណ្ដារោងចក្រនានានៅ Rana Plaza កាលនោះគឺផលិតម៉ាកយីហោ និងអ្នកលក់រាយធំៗជាច្រើន រួមមាន ដូចជា JCPenney, The Children’s Place, និង Walmart ដើម។ ក្រុមហ៊ុនទាំងនេះជាច្រើន បានចុះសវនកម្មរោងចក្រនៅក្នុងរយៈពេលប៉ុន្មានខែ មុនពេលឈានដល់ការដួលរលំ ប៉ុន្តែសវនាកម្មទាំងនេះមិនបានកំណត់ឃើញ ឬកែតម្រូវការរំលោភបំពានសុវត្ថិភាពដែលនឹងអាចនាំទៅដល់មហន្តរាយនោះឡើយ។
គំរូថ្មី៖ កិច្ចព្រមព្រៀង
គិតមកដល់ពេលអគារ Rana Plaza ដួលរលំក្នុងឆ្នាំ ២០១៣ WRC បានធ្វើការអស់ពេលជាច្រើនឆ្នាំកន្លងមកហើយ ដើម្បីដាក់សម្ពាធឱ្យម៉ាកយីហោវាយនភណ្ឌផ្លាស់ប្តូរគោលវិធីរបស់ខ្លួនឱ្យបានធំធេង ដើម្បីធានាសុវត្ថិភាពអគ្គីភ័យ និងសុវត្ថិភាពអគារក្នុងប្រទេសបង់ក្លាដែស ដើម្បីជួយនាំមានការកែលម្អសុវត្ថិភាពដ៏ពិតប្រាកដនៅក្នុងរោងចក្រផ្គត់ផ្គង់របស់ខ្លួននៅប្រទេសបង់ក្លាដែស។ ចំណាប់អារម្មណ៍អន្តរជាតិបន្ទាប់ពីមហន្តរាយនាពេលនោះ បានបង្ខំឱ្យម៉ាកយីហោត្រូវបែរទៅរកតុចរចាជាថ្មី ហើយ WRC និងសម្ព័ន្ធភាពរបស់យើង បានបញ្ចុះបញ្ចូលពួកយ៉ាងជោគជ័យឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីសុវត្ថិភាពអគារ និងសុវត្ថិភាពអគ្គីភ័យ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រក្នុងប្រទេសបង់ក្លាដែស។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងចងកាតព្វកិច្ចតាមផ្លូវច្បាប់សម័យទំនើបដំបូងបំផុតរវាងកម្មករនិយោជិត ថ្នាក់គ្រប់គ្រងរោងចក្រ និងក្រុមហ៊ុនវាយនភណ្ឌ ដែលតម្រូវឱ្យម៉ាកយីហោ និងអ្នកលក់រាយ ត្រូវ៖
- បើកចំហរោងចក្រផ្គត់ផ្គង់របស់ខ្លួនឱ្យទទួលអធិការកិច្ចឯករាជ្យពីសំណាក់អ្នកជំនាញ និងវិស្វករមានគុណវុឌ្ឍិ
- អនុញ្ញាតឱ្យលទ្ធផលពីការចុះអធិការកិច្ចទាំងនេះ អាចត្រូវបានរាយការណ៍ជាសាធារណៈនៅក្នុង ដេតាបេសដែលគេអាចធ្វើការស្វែងរកបាន
- ជួយបង់ថ្លៃជួសជុលរក្សាសុវត្ថិភាពជាសារវ័ន្ត
- បញ្ឈប់ការធ្វើអាជីវកម្មជាមួយរោងចក្រទាំងឡាយណា ដែលខកខានមិនបានធ្វើការជួសជុលធានាសុវត្ថិភាពដែលចាំបាច់
បន្ថែមលើនេះ កិច្ចព្រមព្រៀងបានគូសបញ្ជាក់អំពីយន្តការបណ្ដឹងដែលកម្មករនិយោជិតអាចរាយការណ៍ជាអនាមិកអំពីការរំលោភបំពានជាសក្ដានុពលនៅក្នុងរោងចក្ររបស់ខ្លួន មកកាន់កិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងក៏បានដាក់ឱ្យមានយុទ្ធនាការជំរុញការអនុវត្តដែលអាចមានសកម្មភាពតាមផ្លូវច្បាប់ប្រឆាំងជាមួយហត្ថលេខីទាំងឡាយណាដែលមិនអនុលោមតាម។
កិច្ចព្រមព្រៀងនេះ តំណាងរបត់ដ៏ធំមួយនៅក្នុងការឆ្លើយតបចំពោះការរំលោភបំពានសុវត្ថិភាពនៅក្នុងរោងចក្រកាត់ដេរ។ កម្មវិធីដឹកនាំដោយសាជីវកម្មនាពេលកន្លងមក គឺឈរលើមូលដ្ឋានស្ម័គ្រចិត្ត ហើយខ្វះយន្តការជំរុញការអនុវត្ត ក៏ដូចជាខ្វះតម្លាភាព។ នៅក្រោមកិច្ចព្រមព្រៀងនេះ ម៉ាកយីហោ និងអ្នកលក់រាយ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងការធានាឱ្យកម្មករនិយោជិតជាអ្នកផលិតសម្លៀកបំពាក់របស់ខ្លួន ត្រូវធ្វើការក្នុងលក្ខខណ្ឌមានសុវត្ថិភាព។
កិចព្រមព្រៀងនាពេលបច្ចុប្បន្ន
បច្ចុប្បន្នម៉ាកយីហោ និងអ្នកលក់រាយជិត ២០០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ដែលបានបន្តឡើងវិញ ក្រោយពេលកិច្ចព្រមព្រៀងដើមរបស់ខ្លួនរយៈពេលបីឆ្នាំបន្ថែមទៀត។ ម៉ាកយីហោជាហត្ថលេខី គឺរួមមានទាំងម៉ាកយីហោលក់រាយសម្លៀកបំពាក់ធំជាងគេបំផុតចំនួន ៣ ក្នុងចំណោមអ្នកលក់រាយធំជាងគេបំផុតទាំង ៤ របស់ពិភពលោក ក្នុងនោះរួមមាន H&M Inditex និង UNIQLO។ ម៉ាកយីហោទាំងបីនេះបូកបញ្ចូលគ្នា គឺទិញផលិតផលពីរោងចក្រជាង ១.៦០០ រោងចក្រ ដែលជួលកម្មករនិយោជិតសរុបរួមបញ្ចូលគ្នាចំនួនជាងពីរលាននាក់។
អធិការកិច្ចនៅតាមបណ្ដារោងចក្រទាំងនេះ បានបើកបង្ហាញឱ្យឃើញនូវការរំលោភបំពានសុវត្ថិភាពចំនួន ១៣០.០០០ ករណី ដែលមានចាប់តាំងពីការខូចខាតរចនាសម្ព័ន្ធ រហូតដល់ផ្លូវរត់គេចអគ្គីភ័យមិនមានសុវត្ថិភាព។ បច្ចុប្បន្ន ភាគច្រើនលើសលប់នៃគ្រោះថ្នាក់ផ្នែកសុវត្ថិភាពទាំងអស់នេះ ត្រូវបានលុបបំបាត់ហើយ។
កាលពីថ្ងៃច័ន្ទ ទី ១ ខែ មិថុនា ការិយាល័យកិច្ចព្រមព្រៀងរបស់ប្រទេសបង់ក្លាដែស បានផ្ទេរមុខងាររបស់ខ្លួនទៅឱ្យអង្គការក្នុងស្រុកដែលទើបត្រូវបានបង្កើតនាពេលថ្មីៗនេះ ឈ្មោះក្រុមប្រឹក្សានិរន្តរភាពសម្លៀកបំពាក់ផលិតរួចជាស្រេច (RSC)។ ថ្វីបើ RSC ត្រូវបានបង្កើតឡើង ដើម្បីឱ្យក្លាយទៅជាទីភ្នាក់ងារអនុវត្តន៍កម្មវិធីសុវត្ថិភាពដែលត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ក្នុងពេលអនាគតនៅប្រទេសបង់ក្លាដេសក្ដី ប៉ុន្ដែ RSC គឺមិនមានចេតនាដើម្បីចូលមកជំនួសឱ្យកិច្ចព្រមព្រៀងនេះផ្ទាល់នោះឡើយ។ កាតព្វកិច្ចរបស់ម៉ាកយីហោនៅក្រោមកិច្ចព្រមព្រៀងនេះ គឺនៅតែមានជាធរមាន និងមិនផ្លាស់ប្តូររហូតដល់កិច្ចព្រមព្រៀងនេះផុតកំណត់ ហើយតាមការកំណត់បច្ចុប្បន្ននេះ រយៈពេលផុតកំណត់របស់កិច្ចព្រមព្រៀងគឺក្នុងឆ្នាំ ២០២១។ ការចរចានាពេលបច្ចុប្បន្នរវាងម៉ាកយីហោវាយនភណ្ឌរបស់កិច្ចព្រមព្រៀងជាមួយសហជីពជាហត្ថលេខី បានស្នើឱ្យរយៈពេលកិច្ចព្រមព្រៀងត្រូវបន្ត ហើយឱ្យមានការពង្រីកវិសាលភាពកិច្ចព្រមព្រៀងនេះឈានទៅគ្របដណ្តប់លើកម្មវិធីសុវត្ថិភាពរបស់រោងចក្រក្នុងបណ្ដាប្រទេសដទៃទៀតនៅតំបន់អាស៊ីខាងត្បូង។
តួនាទីរបស់ WRC
WRC បន្តដើរតួនាទីយ៉ាងចាំបាច់ក្នុងការអនុវត្ត និងជំរុញការអនុវត្តកិច្ចព្រមព្រៀង។ ក្នុងនាមជាអ្នកចុះហត្ថលេខាជាសាក្សីលើគណៈកម្មាធិការដឹកនាំកិច្ចព្រមព្រៀង WRC ធ្វើការជាមួយសមាជិកគណៈកម្មការដឹកនាំ ដើម្បីធានាយ៉ាងណាឱ្យគោលការណ៍របស់កិច្ចព្រមព្រៀងត្រូវបានប្រតិបត្ដិយ៉ាងពេញលេញ និងធានាឱ្យអធិការកិច្ច និងការជួសជុលត្រូវបានធ្វើឡើងយ៉ាងទាន់ពេលវេលា។